សម្តេចតេជោ ហ៊ុន​ សែន ចេញសារលិខិតអបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូង»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានចេញសារលិខិត អបអរសាទរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូង»

យោងតាមសារលិខិតដែល Fresh News ទទួលបាន, សម្តេចតេជោ ហ៊ុន​ សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមអបអរការប្រារព្ធទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូង»។ សម្តេចក៏សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ដែនដីសុវណ្ណភូមិកម្ពុជា។

ឆ្លៀតឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏សូមអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់មិត្តចិន នាឆ្នាំ២០១៨កន្លងមក ក្រោមកិច្ចប្រឹងប្រែងដោយការគិតគូរវែងឆ្ងាយ និងមិនចេះនឿយហត់របស់លោក ស៉ី ជីងពីន ដែលបានធ្វើឲ្យមានទំនុកចិត្ត ពេញទំហឹងពីប្រជាជនចិន ក្នុងដំណើរការជំរុញប្រទេសចិន ឲ្យបោះជំហានទីមុខរយៈពេល ដ៏យូអង្វែងទៅអនាគត ជាពិសេសកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព វឹងមាំ មានវប្បធម៌ឈានមុខ មានភាពសុខដុម្យ និងរុងរឿង។

សម្តេចមានប្រសាសន៍បន្តថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបការជិតស្និទ្ធ កំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរទស្សនកិច្ច ដ៏មមាញឹកគ្រប់ជាន់ថ្នាក់ ក្នុងបណ្តាឆ្នាំថ្មីៗនេះ រួមមាន កិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញ, វេទិកាទេសចរណ៍កំពូលលើកដំបូងកម្ពុជា-ចិន និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦០ នៃការភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកាលពីឆ្នាំ២០១៨ ពិសេសដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចទៅកាន់រដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗនេះ បានពង្រឹងឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត នូវស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព រវាងប្រជាជាតិទាំងពីរ៕

Leave a Comment