អាមេរិក៖ សេត​វិមាន​បាន​និយាយ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​អាសន្ន​ជាតិ​ ដើម្បី​ផ្ដល់​មូលនិធិ​ក្នុង​ការ​កសាង​កំផែង​ព្រំដែន​ តាម​ផែនការ​របស់​លោក​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។

​សេចក្ដីថ្លែងការណ៍​បាន​បន្ត​ទៀត​ថា លោក​នឹង​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​សន្តិសុខ​ព្រំដែន ​ដើម្បី​បញ្ចៀស​ផុត​ពី​ការ​បិទ​រដ្ឋាភិបាល ប៉ុន្តែ​លោក​ធ្វើ​បែប​នេះ​ក៏​ដើម្បី​បញ្ចៀស​ផុត​ពី​សភា​ផង​ដែរ និង​ប្រើប្រាស់​មូល​និធិ​យោធា​សម្រាប់​កសាង​របង​ព្រំដែន​។​ ដោយឡែក​ក្រុម​តំណាង​រាស្ត្រ​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ បាន​ឆ្លើយតប​វិញ​ដោយ​បាន​ចោទប្រកាន់​លោក ​ត្រាំ ថា​ បាន “​បំពាន​លើ​អំណាច​” និង​ជា​ទង្វើ​ខុសច្បាប់​។​ គួរ​ឲ្យ​ដឹង​ថា ការ​កសាង​កំផែង​ព្រំដែនគឺជា​ការសន្យា​ដ៏​សំខាន់​មួយ ​អំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ​ត្រាំ ​។​ ប៉ុន្តែ​គិត​មក​ទល់​នឹង​ពេលនេះក្នុងនាម​ជា​ប្រធានាធិបតីលោក​ ត្រាំ ​មិន​អាច​ទទួល​បាន​មូលនិធិ​ដ៏​ចាំបាច់​ណាមួយ​ ដើម្បី​ពន្លឿន​នូវ​ផែនការ​នេះ​នោះ​ឡើយ​។

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ សភា​អាមេរិក​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ ដែល​មិន​ឈាន​ដល់​ការ​ទាមទារ​របស់​លោក ​ត្រាំ​ សម្រាប់​មូលនិធិ​កសាង​របង​ព្រំដែន​ ហើយ​បច្ចុប្បន្ន​វា​ត្រូវការ​ចុះ​ហត្ថលេខា​ដោយ​លោក​ ត្រាំ ដើម្បី​ឲ្យ​វា​ស្របច្បាប់​៕