រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ជំនួប​កំពូល​នៅ​ក្នុង​ទីក្រុង​សូ​ឈី​ថា រុស្ស៊ី, ទួរគី និង​អ៊ីរ៉ង់បាន​ព្រមព្រៀងគ្នា​ដើម្បី​បោះជំហាន​បន្ថែម​ទៀត ឆ្ពោះ​ទៅ​រក​ការ​ស្តា​ចុង​ក្រោយ​គេ​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​។

​នៅ​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​ជំនួប​កំពូល​របស់​លោក​ ជាមួយ​ប្រធានាធិបតី​ទួរគី​លោក​ រ៉េ​សេប តា​យ​យី​ប អ៊ឺ​ដូ​ហ្គែ​ន និង​លោក ហាស​សាន់ រូ​ហា​នី ​ប្រធានាធិបតី​អ៊ីរ៉ង់, លោក ពូ​ទីន បាន​និយាយ​ថា ពួកគេ​បាន​ពិភាក្សា​ផ្ដោត​សំខាន់​លើ​ស្ថានភាព​​ក្នុង​ខេត្ត​អ៊ីតលី​ប និង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ី​រី ហើយ​ពួកគេ​បាន​ត្រៀមខ្លួន​រួច​រាល់​ក្នុង​ការ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ខេត្ត​អ៊ីតលី​ប​។​ លោក ពូ​ទីន បាន​បន្ត​ថា កិច្ច​ខិត​ខំ​រួមគ្នា​របស់​រុស្ស៊ី, អ៊ីរ៉ង់ និង​ទួរគីបាន​បង្កើត​លក្ខខ័ណ្ឌ​ជាទី​គាប់ចិត្ត​មួយ​ សម្រាប់​ការ​ផ្លាស់ប្ដូរ​របស់​ស៊ី​រីឆ្ពោះ​ទៅ​រក​ការ​បង្កើត​សន្តិភាព​ឡើងវិញ​។ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ស្ថិរភាព​នឹង​អាច​នាំ​មកកាន់​ប្រទេស​ស៊ី​រី តាមរយៈ​ដំណោះស្រាយ​នយោបាយ និង​ការទូត ដោយ​ផ្អែកលើ​សេចក្ដី​សម្រេច ២២៥៤ របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​។

​លោក ពូ​ទីន បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ទាំង​៣ នឹង​ជួយ​ប្រទេស​ស៊ី​រី​ផង​ដែរ ​ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ធម្មនុញ្ញ ដែល​នឹង​ដោះ​ស្រាយ​ចំណុច​មូលដ្ឋាន​គ្រឹះ​ នៃ​ប្រព័ន្ធ​រដ្ឋ​នា​ពេល​អនាគត​របស់​ស៊ី​រី​។​ ខណៈ​នោះ​ដែរ​ប្រទេស​រុស្ស៊ី, អ៊ីរ៉ង់ និង​ទួរគី​បាន​ព្រមព្រៀង​ថា ជុំ​បន្ទាប់​នៃ​ការ​ពិគ្រោះ​យោបល់​នឹង​ធ្វើ​ឡើង ​ក្នុង​ទីក្រុង​អាស្តាណាប្រទេស​កាហ្សាក់ស្ថាន​នា​ដំណាច់ខែ​មិនា ឬ​ដើមខែ​មេសាខាង​មុខ​នេះ​៕

Leave a Comment