រតនគិរី: ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ​ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាសមាជិក ក្រុមប្រឹក្សាភូមិ ឃុំ ស្រុក​ទូទាំងស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលធ្វើឲ្យប្រទេសជាតិ មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ។

ក្នុងពិធីសំណេះសំណាលនោះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញនូវមោទនភាពថា ចាប់ពីក្រោយសម័យអង្គរ គ្មានមេដឹកនាំខ្មែរណា អាចដឹកនាំប្រទេសឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងជាពិសេសអធិបតេយ្យភាពជាតិពេញបរិបូណ៍ ដូចសម័យតេជោនេះឡើយ ។​

ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើ​ឲ្យសមាជិក សមាជិកា ដែលមានតួនាទីជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បម្រើ និងផ្តល់សេវាសាធារណៈជូនដល់​ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខុសបំផុត ដោយយកប្រយោជន៍ប្រជាជន និងជាតិជាធំ​ដូចថ្នាក់ដឹកនាំកំពូលៗរបស់យើង ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើ​បន្ថែមដល់សមាជិក សមាជិកាទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយពន្យល់ដល់​ប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់ និងជឿជាក់លើការដឹកនាំប្រទេស របស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការបង្កើតទីផ្សារការងារ និងទីផ្សារផ្សេងៗទៀត ជូន​ប្រជាពលរដ្ឋ ជាពិសេសការរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងអធិបតេយ្យភាពជាតិ ។

បន្ថែមពីនេះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមឯកឧត្តម ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកា ដែលតែងតែខិតខំប្រឹងប្រែងបំពេញការងារអស់កម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា ៕

Leave a Comment