ប៉ា​គី​ស្ថាន៖ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត ​នៅ​ក្នុង​តំបន់​កា​ស្មៀ​គ្រប់គ្រង​ដោយ​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍គឺជា “​ក្តី​កង្វល់​ខ្លាំង​បំផុត​មួយ​” ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុង ពេល​ដែល​ឥណ្ឌា​បាន​ថ្កោលទោស​ការវាយប្រហារ​មួយ​នេះ​ មក​លើ​ប៉ា​គី​ស្ថាន​នោះ​។

ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់បាន​បើក​រថយន្ត​ បុក​រថយន្ត​ក្រុម​ដឹក​នគរបាល​ឆ័​ត្រ​យោង​ឥណ្ឌានៅ​ក្នុង​តំបន់​កា​ស្មៀ ដោយ​បាន​សម្លាប់​ពួកគេ ​៤៤​នាក់ នៅ​ក្នុង​ការវាយប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ មក​លើ​កងកម្លាំង​សន្តិសុខនៅ​ក្នុង​តំបន់​ជម្លោះ​កា​ស្មៀ ជាហេតុ​ធ្វើ​ឲ្យ​ភាព​តានតឹង​កើត​ឡើង​ជាមួយ​ប៉ា​គី​ស្ថាន​។​

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​វែបសាយ​របស់​ខ្លួន ក្រសួង​ការបរទេស​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា ពួកគេ​សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​ រាល់​សំដី​បញ្ឆិតបញ្ឆៀង​ណាមួយ​នៅ​ក្នុង​រដ្ឋាភិបាល​ឥណ្ឌា និង​ក្នុង​សារព័ត៌មានដែល​បាន​អះ​អាង​ថា ការវាយប្រហារ​មួយ​នេះជាប់​ពាក់ព័ន្ធ​នឹង​ប៉ា​គី​ស្ថាន ដោយគ្មាន​ការស៊ើបអង្កេត​ណាមួយ​នោះ​៕

Leave a Comment